Huawei បញ្ចេញ​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ​ថ្មី មាន​អេក្រង់​ដែល​ធ្វើ​ឲ្យ​យើង​ឈ្លក់​វង្វេង

581

ក្រុមហ៊ុន Huawei របស់ប្រទេសចិន​មិន​ត្រឹម​តែ​ពង្រីក​ទីផ្សារ​ស្មាតហ្វូន​របស់​ខ្លួន​បាន​កាន់​តែ​ធំ និង​ប្រសើរ​ជាង​មុន​នោះ​ទេ ក្នុងនោះ Huawei ក៏​បាន​លូក​ដៃ​ចូល​ទីផ្សារ​កុំព្យូទ័រ​ផងដែរ ហើយអ្វីដែលពិសេសសម្រាប់ឆ្នាំ 2018 ក្នុងព្រឹត្តិការណ៍ MWC 2018 ក្រុមហ៊ុន​ចិន​មួយ​នេះ បានបញ្ចេញនូវអាវុធថ្មីមួយទៀត ជាកុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលមានចំនុចទាក់ទាញច្រើន ពិសេសអេក្រង់លាទកប់ ពិតជាធ្វើឲ្យអ្នកប្រើប្រាស់ឈ្លក់វង្វេង។

ព្រឹត្តិការណ៍ Mobile World Congress ក្រុមហ៊ុន Huawei បានបញ្ចេញនូវផលិតផលថ្មីៗមួយចំនួនរបស់ខ្លួន ដោយក្នុងនោះ MateBook X Pro ត្រូវបានបង្ហាញខ្លួន ជាកុំព្យូទ័រយួដៃទំនើបមួយ ដែលត្រូវបានផលិត និងរចនាឡើងយ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យវាមានភាពទាក់ទាញ មានកម្លាំងម៉ាស៊ីនខ្លាំង។ លក្ខណៈពិសេសជាងគេ ដែលធ្វើឲ្យ MateBook X Pro នេះលេចធ្លោ គឺស្ថិត​នៅ​លើផ្ទៃអេក្រង់ទំហំ 13.9 អ៊ីញ ដែលលាទសន្ធឹងខ្លាំង មើលទៅពេញភ្នែកតែម្ដង ដែលអ្នកមិនអាចរកបាន​នៅលើ​កុំព្យូទ័រយួរ​ដៃ​ម៉ាកផ្សេងៗ ប្រៀបបានដូចទៅនឹងការវិវឌ្ឍន៍ខ្លួននៃការដេញស៊េរីរបស់អេក្រង់ស្មាតហ្វូនអញ្ចឹងដែរ។ ជាងនេះទៅទៀត អេក្រង់​នេះ​មាន​ទំហំដល់ទៅ 3K ជាមួយនឹងកម្រិត Aspect Ratio 3:2 មាន sRGB 100% ធ្វើឲ្យវាបង្ហាញរូបភាពច្បាស់ខ្លាំង ពណ៌ធម្មជាតិ ចាក់​ពណ៌បានដាច់ មុត និងត្រឹមត្រូវ ពិសេសគឺអេក្រង់ Touchscreen អាចស្គាល់ម្រាមដៃបាន 10 ក្នុងពេលតែមួយ ការពារ​ដោយ​កញ្ចក់​រឹងស្វិត Corning Gorilla Glass។

MateBook X Pro មានទំហំស្មើនឹងកុំព្យូទ័រយួរដៃមានទំហំ 13.5 អ៊ីញ ដូច្នេះទាំងរូបរាងរចនាបថ ប្រិយមិត្តអាចមាន​គំនិត​បាន​ទៅ​ហើយ គឺថាវាស្រដៀងទៅនឹង MacBook របស់ Apple ដែរ ជាមួយរចនាក្ដារចុចស្អាត មានគម្លាត Travel តិចបំផុត អំណោយ​ផល​ទៅ​ដល់​ការប្រើប្រាស់ទូទៅ វាយឯកសារ ថែមទាំងមាន Trackpad ធំមិនចាញ់ MacBook Pro ឡើយ។ ក្នុងនោះប៊ូតុងក្ដារ F5 ត្រូវបាន Huawei បង្កប់មកជាមួយនឹងសេនស័រ Webcam មួយ ដែលងើកក្បាលចេញមកក្រៅ សម្រាប់ការសន្ទនា​វីដេអូ​តាម​បណ្ដាញ​សង្គមនានា ដោយមិនបង្កប់ជាប់តួអេក្រង់ឡើយ ពិតជាប្លែកមិនធ្លាប់មានពីមុនមក។ សម្រាប់កម្លាំងវិញ ម៉ាស៊ីន​នេះ​វេច​ខ្ចប់​មួយ​ស្អាត ជាមួយនឹងផ្នែករឹងជំនាន់ថ្មី មានល្បឿនលឿន និង Specs ដូចខាងក្រោម៖

•    CPU Core i5/i7 លេខ 8850U ជាឈីបសន្សំសំចៃថ្ម ជំនាន់ទី 8 ថ្មី
•    RAM ទំហំ 8/16GB ប្រភេទ DDR
•    SSD ពពួក PCIe NVME ទំហំ 256/512GB
•    GPU 1 Intel UHD Graphics 620
•    GPU 2 nVIDIA GeForce MX150 មាន VRAM ទំហំ 2GB
•    ដំណើរការដោយ Windows 10

កម្លាំងប៉ុន្នេះគឺខ្លាំងសម្រាប់ការប្រើប្រាស់ទូទៅ តែមិនល្អខ្លាំងសម្រាប់ការលេងហ្គេមនោះទេ ដោយសារនេះគឺជាម៉ាស៊ីនពពួក Ultrabook ដែលមានកម្រាស់ស្ដើង 14.6 មីលីម៉ែត្រ និងទម្ងន់ 1.33 គីឡូក្រាមប៉ុណ្ណោះ ការពារខ្លួន ដោយលោហៈ​ទាំងអ​ស់​នៅ​ផ្ទៃ​ខាងក្រៅ។

អត្ថបទពាក់ព័ន្ធ

Leave A Reply

Your email address will not be published.