កម្ពុជា ដាក់​ឱ្យដំណើរការ​មជ្ឈមណ្ឌល​អប់រំ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឡានឆាង-មេគង្គ

175

បើ​យោងតាម​របាយការណ៍ របស់​នាយក​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា បង្ហាញថា មជ្ឈមណ្ឌល​អប់រំ​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈឡានឆាង-មេគង្គ និង​រោងជាង​ កម្ពុជា-លូនបាន ត្រូវបាន​បំពាក់​ដោយ​សម្ភារៈ​បរិក្ខារ​ទំនើបៗ ដែល​ជា​អំណោយ​របស់​ចិន មាន​តម្លៃ​ប្រមាណ ២លាន​ដុល្លារ សម្រាប់​បណ្តុះ​បណ្តាល​លើមុខ​ជំនាញ​ចំនួន​៣ រួមមាន៖ ១. Mechanical Processing (ដំណើរការមេកានិច) , ២. Electricity (អគ្គិសនី) និង៣. Telecommunication (ទូរគមនាគមន៍)។

ក្រសួងការងារ បាន​រំលឹក​ឱ្យដឹង​ថា នៅក្នុង​កិច្ចប្រជុំ​លើក​ទីមួយ ថ្នាក់​ដឹកនាំ​ប្រទេស​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ នៅខែ​មីនា ឆ្នាំ​២០១៦ នាយក​រដ្ឋមន្ត្រីចិន លោក លី ខឺឈាង បាន​លើកឡើង​អំពី​គំនិត នៃការ​កសាង​មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ប្រទេស​ឡានឆាង-មេគង្គ។

តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ បានបើក​ផ្លូវឈាន​ទៅ​កិច្ចសហប្រតិបត្តិការ​រវាង​ទីក្រុង​ធានជីង ដែលមាន​សាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences (TSGUAS) ជា​តំណាង និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ដែលមាន​វិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ជា​តំណាង បន្ត​សិក្សា​កិច្ចការ​លម្អិត​លើ​គម្រោង​សាងសង់ មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ។

ក្រសួង​បន្ត​ថា មជ្ឈមណ្ឌល​នេះ នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល-បច្ចេកទេស និង​វិជ្ជាជីវៈ និងការ​ផ្ទេរ​នូវ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ​ដល់​យុវជន​កម្ពុជា ដែលនឹង​ចូលរួម​បង្កើន​នូវ​ផលិតភាព​ការងារ និង​សមត្ថភាព​រកប្រាក់​ចំណូល​របស់​ពួកគេ ព្រមទាំង​ចូលរួម​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម កម្ពុជា​ផងដែរ។

បន្ទាប់ពីការ​ដាក់​ឱ្យដំណើរការ​ជាផ្លូវការ​ មជ្ឈមណ្ឌល​នេះ គ្រោងនឹង​ជ្រើសរើស​សិស្ស-និស្សិត ពី​បណ្តា​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ មក​សិក្សា​នៅទីនេះ​ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែម​របស់ក្រសួងការងារ៕

អត្ថបទពាក់ព័ន្ធ

Leave A Reply

Your email address will not be published.